អក្សរសាស្ត្រខ្មែរ

អត្ថន័យច្បាប់ស្រីព្រះអង្គឌួងច្បាប់ស្រីរបស់ព្រះបាទអង្គឌួង
ក្នុងច្បាប់ស្រីរបស់ព្រះបាទអង្គឌួង បានបង្ហាញឲ្យឃើញច្បាស់អំពីលក្ខណៈជាមង្គលនិងអពមង្គលរបស់ស្ត្រី។
១- មង្គលនៃស្ត្រី៨ប្រការ ៖
– ស្រីជា ៖ មានឫកពាស្រគត់ស្រគំសម្តីពីរោះពិសា
– ស្រីត្រង់ ៖ ចេះថែរក្សាទ្រព្យសម្បត្តិមិនមានប្រមាថ
– ស្រីគាប់ ៖ ឧស្សាហ៍ព្យាយាម សន្សំសំចៃ
– ស្រីប្រាជ្ញ ៖ ចេះអធ្យាស្រ័យស្រស់ស្រាយរាក់ទាក់
– ស្រីស្អាត ៖ ចេះរៀបចំទុកដាក់ផ្គាប់ចិត្តប្តី
– ស្រីស្មោះ ៖ ស្វាមីភក្តិចំពោះប្តីតែមួយ
– ស្រីស្លូត ៖ ស្តាប់បង្គាប់តាមប្តីជានិច្ច
– ស្រីស្មើ ៖ មានខន្តី ស៊ូទ្រាំស្លាប់រស់ជាមួយប្តី។
២- មង្គលនៃភរិយា ៖
– មាតាភរិយា ៖ ជាភរិយាទុកដូចម្តាយ ព្រោះចេះអាណិតប្តីដូចកូន ចង់ឲ្យប្តីមានចំណេះវិជ្ជា យសសក្តិរុងរឿង មានទ្រព្យសម្បត្តិ ស្លៀកពាក់ស្អាតបាត មានចំណីអាហារគ្រប់គ្រាន់ សុខភាពបរិបូណ៌ ថែទាំប្តីជាប្រចាំ។
– ទាសាភរិយា ៖ ភរិយាដូចអ្នកបម្រើ ខំបម្រើប្តីអស់ពីដួងចិត្ត គោរពប្តី ស្តាប់ប្តី
– ភគិនីភរិយា ៖ ភរិយាទុកដូចបងប្អូន ទទួលដំបូន្មានពីប្តី ដូចទទួលដំបូន្មានពីបងដូច្នេះដែរ ប្តូរផ្តាច់ជាមួយប្តី យកប្តីជាពំនាក់ឥតបែកបែរ។
– សុខាភរិយា ៖ ជាភរិយាទុកដូចមិត្តសម្លាញ់ ចង់ជួបប្តីជានិច្ច បាត់មុខប្តីមិនបាន សម្បាយជាមួយប្តីជានិច្ច។
៣- អពមង្គលនៃស្ត្រី ៖
– ស្រីមាយា ៖ មាយាឥតល្ហែ ស្រីមាយាលាយចើក ស្រីមាយាឥតលក្ខណ៍ ស្រីមាយាអប្រិយ ស្រីមាយារួសរេ ស្រីមាយាកាលី ស្រីមាយាមុខរឹង ស្រីមាយាបម្រើប្តីមិនដែលស្មោះស្មើ ស្រីមាយាខ្វិចខ្វង់ ស្រីមាយាលាយអាស ស្រីមាយាល្បិចល្បែង ស្រីមាយាមានោមានះ ស្រីមាយាលែបខាយ ស្រីមាយាសស្រាញ់ ស្រីមាយាពេកក្តាត់ ស្រីមាយាពិតៗ ស្រីមាយាវេះវេរ ស្រីមាយាស្រីមាយាចេះក្តាត ស្រីមាយាមែនមួន ស្រីមាយាល្បែង ស្រីមាយាកិរិយា ស្រីមាយាល្បិចម្ញ៉ិកម្ញ៉ក់ ស្រីមាយាគ្មានពិត ស្រីមាយាអំពើ ស្រីមាយាយល់ប្រុស ស្រីមាយាឆ្មើងឆ្មិត ស្រីមាយាឥតស្រាន្ត ស្រីមាយាស្រើបស្រាល ស្រីមាយាធ្វើឆ្កួតលលាដ៍ ស្រីមាយាក្រៅក្រឹត្យ ស្រីមាយាលាមក ស្រីមាយាញ៉ិកញ៉ុក ស្រីមាយាកន្លេង ស្រីមាយាណាស់ណា ស្រីមាយាលេងក្មេង ស្រីមាយាឥតខ្មាស់ ស្រីមាយាផ្សេងៗ……..។ល។
៤- ស្រីបង្ហិនប្តី ៖ ចាយវាយឥតគិត ឲ្យប្តីមានទុក្ខក្រតោកយ៉ាក មិនចេះទុកដាក់ ខ្ជឹលដើរតែលេង ផឹកស្រា ទិញដូរជឿគេ ចាយវាយមិនឈប់ ខ្ជីខ្ជា លួចទ្រព្យគេ ឈ្លោះនឹងគេ យកទ្រព្យទៅផ្គាប់ចិត្តសាហាយស្មន់។
៥- ស្រីចើក ៖ ចង់ដើរលេងព្រៃ សួនច្បារ ចម្ការឧធ្យាន ចង់ជិះទូកលេង ចង់ងួតទឹក សើចលេងក្អាកក្អាយ ដើរលេងផ្ទះគេ ចង់ទៅផ្សារ អង្គុយបង្ហាញឫកនៅមាត់ទ្វារ ស្រីចើកឈឺផ្ទៃ អង្គុយម្នាក់ឯងយប់ស្ងាត់ ចង់មើលល្បែង ចង់ស្តាប់សម្លេងប្រុសៗ ចង់ស្តាប់ពាក្យពេចន៍វោហារ សេពគប់នឹងមិត្តស្រីពេស្យា ដើរលេងផ្តេសផ្តាស់ ចង់ល្បែងប្រុស ចង់ផឹកស្រា ។
៦- ស្រីអាស់ ៖ កាចប្រច័ណ្ឌប្តី ចចេសឈ្នានីសប្តី ចិត្តធំនឹងប្តី និយាយដើមប្តី នាំរឿងចូលផ្ទះ មិនស្តាប់ប្តី ស្និទ្ធនឹងប្រុស និយាយទាក់ទងនឹងប្រុស សម្តែងឫកដាក់ប្រុស មិចភ្នែកដាក់ប្រុស ញាកមុខដាក់ប្រុស លៀនអណ្តាតដាក់ប្រុស ប្រលែងនឹងប្រុស អង្អែលពោះឲ្យប្រុសឃើញ បញ្ចេញដោះឲ្យប្រុសឃើញ បញ្ចេញតម្បារពោះឲ្យប្រុសឃើញ ស្លៀកសំយ៉េស រលាស់សំពត់ សើយសំពត់ លូកកេរ្តិខ្មាស់
៧- ស្រីមាក់ងាយប្តី ៖ មាក់ងាយប្តីខ្សត់ទ្រព្យ មាក់ងាយប្តីពូជអំបូរក្រីក្រ មាក់ងាយប្តីរូបអាក្រក់ មាក់ងាយប្តីកើតរោគ មាក់ងាយប្តីចាស់ មាក់ងាយប្តីល្ងង់ មាក់ងាយប្តីមាក់ងាយប្តីដើរលេង មាក់ងាយប្តីផឹកស្រា មាក់ងាយប្តីលេងល្បែង មាក់ងាយប្តីមិនចេះការងារ មាក់ងាយប្តីមិនចេះប្រលែងលេង មាក់ងាយប្តីមិនចេះរកទ្រព្យ។
យើងឃើញថា ចំណុចខ្លះដែលជាកំហុសប្តី យើងមិនគាំទ្រទេ។សម័យនេះស្ត្រីមានការចេះដឹងច្រើនជាងសម័យមុន ព្រោះស្ត្រីសម័យនេះបានសិក្សាអប់រំច្រើន ដែលក្រសួងអប់រំបានបញ្ចូលនូវមុខវិជ្ជាមេផ្ទះ និងសីលធម៌ពលរដ្ឋ។
( អត្ថបទនិងរូបភាព ៖ យួន បូរ៉េត )

Design a site like this with WordPress.com
Get started