វប្បធម៌ទូទៅ

ការស្វែងយល់សង្គម

រូបចម្លាក់នាងសីលាចាំប្តី នៅខេត្តកែប

អានហើយស្រណោះកោះត្រល់ខ្មែរណាស់

រឿងនិទាន «កោះត្រល់» ។ នាងត្រល់មាស ប៉ុន្តែភាគច្រើនឮតែគេហៅរូបចម្លាក់នៅខេត្តកែបថា នាងសីលាចាំប្ដី តែផ្ទុយទៅវិញមិនមែនជានាងសិលាចាំប្ដីឡើយ គឺជានាងត្រល់មាស ដែលស្មោះស្ម័គ្រចំពោះស្វាមី និងមាតុប្រទេសរបស់ខ្លួន។

រឿងនាងត្រល់មាស

(ប្រវត្តិ សេះស កោះត្រល់ និង​ នាង​ស្រី​ស នៅ​ខេត្តកែប​)

នាសម័យបុរាណនគរខ្មែរ និងនគរចិនមានព្រំដែនជាប់គ្នា។ ចិនពូកែណាស់ខាងតម្បាញសូត្រ។ ព្រះរាជាខ្មែរនិង ពួកនាម៉ឺន តែងតែទិញក្រណាត់សូត្រទាំងនោះរាល់ឆ្នាំពុំដែលខាន។ នាងកែវសជានារីម្នាក់ មានសម្រស់ស្អាតអស់លើស្រីទាំងពួងក្នុងភូមិ ហើយនាងពូកែខាងដេរប៉ាក់ និងតម្បាញ តែក្រណាត់សូត្ររបស់នាងរលោង និងក្រឡា ល្អស្អាតណាស់។

ថ្ងៃ​មួយ​នាង​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ ដូច​សព្វ​មួយ​ដង​ ដើម្បី​ យក​រុក្ខជាតិ​ មក​ធ្វើ​ជា​លក្ខ​ ។ ពេល​នោះ​នាង​បាន​រើស​បាន​ដុំ​ថ្ម​មួយ​ដុំ​មាន​ពណ៌​ ក្រហម​ឆ្អិនឆ្អៅ​។ នាង​បាន​យក​មក​សួរ​ម្ដាយ​ ពេល​នោះ ម្ដាយ​ប្រាប់​ថា​វា​ជា​ដុំ​មាស​។ នាង​អរ​ណាស់​ មិន​យក​មាស​នោះ​ទៅ​លក់​ទេ នាង​បាន​យក​វា​ មក​ធ្វើ​ជា​ត្រល់​ សម្រាប់​តម្បាញ​ ។ មុន​ពេល​ដែល​នាង​ ត្បាញ​នាង​តែងតែ​សែន​ និង បែរបន់​សូម​កុំ​ឲ្យ​សូត្រ​ដាច់​ និង​ជាប់​បាន​ល្អ ព្រម​ទាំង​រលោង​ផង​ដែរ​។ កំលាំង​នៃ​ការ​បួងសួង​បាន​លឺ​ដល់​ព្រះ​ពិស្ណុការ​ដែល​ជា​អាទិទេព​នៃ​សិល្បៈ​។ ទ្រង់​ក៏​ ប្រទាន​និង​ឲ្យ​ពរ​ដល់​នាង​តាម​ការ​ប្រាថ្នា​។

ហេតុការណ៍ដ៏អស្ចារ្យនេះនាងបោះ១ដង ត្បាញបានកន្លះកីនាងអរផង ភ័យផង។ នាងបោះ ២ដងបាន ១កី ហើយក្រណាត់របស់នាងមានពណ៌ល្អ និងរលោង។ នាងបានយកទៅជូនម្ដាយ ម្ដាយនាងគាត់អរខ្លាំងណាស់ និងយកទៅលក់បានតម្លៃថ្លៃ រហូតបានក្លាយជាសេដ្ឋី សូត្រក្នុងខេត្តកំពត។ ព្រះរាជា ក៏ប្រទានងារ( នាងត្រល់មាស)។ ដំណឹងបានលឺដល់ក្រុងចិន ស្ដេចចិនបានបញ្ជាឲ្យ បុត្រាទ្រង់មកស្ដីដណ្ដឹងនាងកែវស ដើម្បីយកនាងទៅនៅស្រុកចិនតាមប្ដី ធ្វើដូច នេះបាន ខ្មែរនៅតែទិញក្រណាត់ពីចិនរាល់ៗឆ្នាំដដែល។

ម្ដាយ​របស់​នាង​បាន​សួរ​ចិត្ត​កូន​ស្រី​តែ​នាង​មិន​ព្រម​។ ព្រោះ​នាង​មាន​ចិត្ត​លើ​កំលោះ​ មាណព​ ដែល​ជា​អ្នក​ជ្រលក់​ក្រណាត់​និង​ជា​មនុស្ស​ នៅ​ជាមួយ​​នាង​តាំង​ពី​នៅ​ក្រីក្រ​។ នាង​គិត​ថា​ ចិន​មាន​សិទ្ធ​យក​ ប្រពន្ធ​បួន​ដប់​បាន​ ហើយ​គិត​ថា​គ្មាន​វាសនា​ល្អ​ទេ​សម្រាប់​នាង​។

ពាក្យបដិសេធន៍នេះបានធ្វើឲ្យចិនមិនសប្បាយចិត្តសោះ ក៏ទៅប្ដឹងស្ដេចខ្មែរ។ ទ្រង់មានបន្ទូលថា៖ រឿងអនាគតរបស់នណា អ្នកនោះជាអ្នកសម្រេចទ្រង់ជាស្ដេចគ្មានសិទ្ធទេ។ ព្រោះទ្រង់មិនចង់ឲ្យនាងទៅរស់នៅស្រុកចិនទេបើទៅខ្មែរនិងបាត់អ្នកតម្បាញសូត្រមាសជារៀងរហូត។

រាជបុត្រចិនអង្គនោះក៏បានចុះមករកនាងដោយខ្លួនឯងឃើញនាងមានសម្បុរសស្អាតខុសពីនារីខ្មែរដទៃទៀតកាន់តែមានចិត្តស្រឡាញ់ទ្វេរដង។ ហើយទ្រង់ក៏មានបញ្ជាថា៖ យកទាំងមនុស្ស យកទាំងត្រល់។ដោយដឹងពីល្បិចចិននាងក៏បានរៀបការជាមួយចៅមាណព ដោយរាជប្រទានដោយព្រះរាជាខ្មែរ។កាន់តែធ្វើឱ្យចិន មានកំហឹងយ៉ាងខ្លាំង ក៏បានប្រើចោរសមុទ្រមកលួចត្រល់មាស និងចាប់នាងត្រល់មាស ។

ភាពអសន្តិសុខ នៅក្នុងគ្រួសាររបស់នាងក៏កើតមានជារឿយៗ។ នាងក៏សុំម្ដាយទៅរស់នៅឆ្ងាយពី គេដើម្បីគេចចេញពីចោរទាំងនោះ ដោយរស់នៅធ្វើជាខ្ទមកណ្ដាលព្រៃ ។ ពេលនាងត្បាញបាននាងឲ្យអ្នកបំរើយកទៅឲ្យម្ដាយសម្រាប់ថ្វាយស្ដេច។ចោរចិន ទាំងនោះតាមរកគ្រប់កន្លែងតែរកមិនឃើញ។ជួនជាពេល មួយនោះ មានល្ខោនចិនមកសម្លែង អ្នកបំរើក៏បានឈប់មើលការសំដែង ដោយដៃមានបង្វិច ពណ៌មាសផ្លេកៗ ។ រំពេចនោះ ចិនដែលនិយាយ ខ្មែរមិនសូវច្បាស់នោះ សួរថា៖ បានទិញសំពត់ពីណា ល្អយ៉ាងនេះ?

អ្នកបម្រើភ្លេចខ្លួនក៏ថា៖ ជារបស់អ្នកនាង កែវស ចិននោះក៏បានសួរ ដោយរកកន្លែងនាងកែវស រស់នៅ ដោយឲ្យមាស១០០តំលឹង ។ អ្នកបម្រើក៏ឆ្លើយដឹងពីទីតាំងដែលនាងកែវស រស់នៅ ។

រាត្រីដ៏រន្ធត់បានមកដល់ចោរបានចូលឡោមព័ទ្ធ ខ្ទមរបស់នាង ដោយគប់ភ្លើង ឆេះអស់រោងសត្វចិញ្ចឹមនាង និងរោងតម្បាញ ដែលនាងកំពុងត្បាញ ធ្វើឲ្យរលាកដៃនិងខ្លួនរបស់នាងយ៉ាងដំណំ។នាងបានស្រែកហៅប្ដីឲ្យជួយ។ចៅមាណព រត់ខាង នេះផង ខាងនោះផង រត់យកប្រពន្ធ ពីក្នុងរោង និងរត់ទៅដោះលែង សត្វចិញ្ចឹមពីក្រោលទាំងអស់ឲ្យរត់ចេញពីភ្លើង សម្រែកស្រែកអឺយកង និង សម្លេង ស្រែកយំពេញព្រៃ។រំពេចនោះ កូនសេះស របស់នាង ក៏រត់ចេញមកដោយឈរ ហូរស្រក់ទឹកភ្នែក ក្បែរនាង ដោយឃើញ មេរបស់វាស្លាប់ក្នុងភ្លើង ។

សម្រែកពួកចោរ ថាឲ្យចាប់នាង កែវស និងយកត្រល់ឲ្យបាន ! ចៅមាណពក៏បានលើកនាង កែវស ឡើងជិះសេះ រត់ទៅមុន។ចៅមាណពក៏បានចុះទូកបង្វែរដាន។ ចោរទាំងនោះបានចុះទូកតាមមាណពដោយស្មានថា នាងកែវស ទៅជាមួយ ។ ការប្រយុទ្ធក៏ចាប់មានឡើងនៅកណ្ដាលសមុទ្រ ។ចោរទាំងនោះដោយដឹងថា ចាញ់បោក ក៏បានបាញ់ ព្រួញសម្លាប់ចៅមាណពនោះទៅ។

លុះនៅពេលព្រឹក ចោរក៏ទៅបាត់អស់ នាងកែវស បានរត់ទៅមាត់សមុទ្រ ជាមួយកូនសេះ រកមើលចៅមាណព តែរកមិនឃើញសោះ សល់ តែបំណែកទូក និង ប្រអប់ឈើមួយ ដែលអណ្ដែតជាប់មាត់ឆ្នេរ។នាងបានបើកឡើង គឺជាត្រល់តម្បាញរបស់នាង។នាងក៏ស្រែកយំយ៉ាងខ្លាំង។នាងក៏បូងសួងថា ៖បើមានជាតិមុខមែននាង សូមជួបចៅមាណពជាប្ដី និង ជាអ្នកតម្បាញ និង មានត្រល់មាស នេះនៅជាមួយនាងរហូត និងនៅជារបស់ខ្មែររហូតកុំឲ្យបាត់ទៅណា !។បួងសួងរួចនាងក៏គប់ ត្រល់មាសនោះ ចូលទៅក្នុងសមុទ្រហើយនាងក៏បានស្លាប់ទៅ។ ដោយកម្លាំងបួងសួង ត្រល់មាសនោះ ក៏បានក្លាយជាកោះធំមួយ រាងដូចត្រល់ (កោះត្រល់) មកដល់សព្វថ្ងៃនេះ។

ដោយ​ក្ដី​គោរព​ដល់​នាង​ ព្រះ​រាជា​ក្រោយ​ៗ ទ្រង់​ក៏​បាន សាង​រូប​នាង​ឡើង​ និង កូន​សេះ​ស​ សំរាប់​រំលឹក​ នូវ​សេចក្ដី​ស្មោះ​របស់​នាង​ ចំពោះស្វាមី និង​មាតុ​ប្រទេស ​។

Design a site like this with WordPress.com
Get started